Ansu Fati សម្រក់ទឹកភ្នែកកាលពីយប់មិញ ក្រោយពេលដែលក្រុមអ្នកមានបុណ្យ Barcelona បានធ្លាក់ចេញពីពាន Copa Del Rey ហើយក្រោមថ្វីជើង Athletic Bilbao ដោយលទ្ធផល ៣-២ នៅទឹកដីរបស់ Athletic Bilbao វគ្គ១៦ក្រុមចុងក្រោយ។
ក្នុងជំនួបនេះ Ansu Fati បានប្ដូរចូលនៅនាទីទី៦១ ក្រោយពេលក្រុមរបស់ខ្លួនតាមបានស្មើ២ទល់២ជាមួយ Athletic Bilbao បញ្ចប់៩០នាទី គេក៏រងរបួសហើយត្រូវបានប្ដូរចេញនៅម៉ោងបន្ថែម១៥នាទី២ដងពោលគឺនាទីទី៩៦។ មុនពេលឈានដល់ការប្ដូរចេញនេះ Ansu Fati បាននិយាយទៅកាន់ក្រុមការងារដើម្បីសុំឲ្យកីឡាករថ្មីមកជំនួសខ្លួន ព្រោះគេមិនអាចលេងតទៅទៀតបាន។
អមដោយការនិយាយសុំប្ដូរចេញនោះគេបានសម្រកទឹកភ្នែកសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ដែលខ្លួនមិនអាចជួយក្រុមក្នុងស្ថានភាពដែលក្រុមរបស់ខ្លួនកំពុងស្ថិតក្នុងប្រកួតសំខាន់។
យ៉ាងណាការប្រកួតនោះ Barcelona នៅតែមិនអាចឈ្នះដដែល ព្រោះដល់នាទីទី១០៥ ក្រុមម្ចាស់ផ្ទះក៏ទទួលបានបាល់ពិន័យ១១ម៉ែត្រ ដែលស៊ុតបានសម្រេចដោយ Iker Muniain ដើម្បីសម្លាប់ក្រុមអ្នកមានបុណ្យឲ្យធ្លាក់ចេញត្រឹមវគ្គនេះតែម្ដង៕
ប្រភព: BBC Sport